ទេវកថា និង​ រឿងព្រេង

តើ​នេះ​ជា​ពិភព​នៃភាព​រវើ​រវាយ?

ឃ្លោក​ទិព្វ​នៃ​ជនជាតិ​ឡាវ

​នៅ ខែកញ្ញា 1, 2012

កាល​ពី​ព្រេង​នាយ យូរអង្វែង​ណាស់​ហើយ មេឃ​និង​ដី មិន​មែន​ដាច់​ស្រឡះ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ។ ព្រះ​ទេវ និង​មនុស្ស​លោក​តែង​ជួប​គ្នា​ជា​ញឹកញាប់ ហើយ​ជួន​កាល​ស្កាត់​ទៅ​សួរ​សុខ​ទុក្ខ​គ្នា​ទៀត​ផង ។ ប្រជាជន​នៅ​ មឿងលុម(១) អាច​ឡើង​ទៅ​កាន់​ដែន​ មឿងថែន(២) បាន​យ៉ាង​ងាយ ។ នៅ​ដែន​នោះ​ ព្រះ​ផាញ៉ាថែនលួង ជា​អ្នក​កាន់​អំណាច​កំពូល គ្រប់​គ្រង​លើ​ទេវ​ដទៃ​ទៀត ។ ដែន មឿងលុម មាន​ប្រធាន​បី​នាក់​កាន់​កាប់ ឃុនខាត ឃុនខេតឃុន​ឡេត ហើយ​និង ឡាំភូសាន

នៅ​សម័យ​នោះ ដែន មឿងលុម សម្បូរ​រុងរឿង​ណាស់ ។ ព្រះ​ផាញ៉ាថែនលួង បាន​បញ្ជា​ឲ្យ​មនុស្ស​រៀប​តង្វាយ​បូជា​ចំពោះ​ព្រះ​អង្គ​រាល់​ពេល​បាយ​ព្រឹក​ ល្ងាច ។ តង្វាយ​ត្រូវ​មាន​ម្ហូប​ឆ្ងាញ់​ៗ ចំពោះ​សត្វ​ប្រមាញ់​ត្រូវ​កាត់​ទុក​ថ្វាយ​​ព្រះ​អង្គ​មួយ​ភ្លៅ​គ្រប់​សត្វ ត្រី​ក៏​ត្រូវ​ទុក​មួយ​ចំនួន​ជា​ដាច់​ខាត ដើម្បី​រៀប​ចំ​រណ្ដាប់​បូជា​នេះ ព្រោះ​ថា​ព្រះ​ទេវ​ដ៏​មាន​រិទ្ធិ និង​ក្រុម​គ្រួសារ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​សោយ​បាយ​ត្រី​សាច់​ដែល​បាន​មក​ពី​ដែន មឿងលុម ណាស់ ។

​ពី​ដំបូង គេ​​គោរព​តាម​រាជ​បញ្ញត្តិ​បាន​យ៉ាង​ប្រពៃ ប៉ុន្តែ​បន្តិច​ក្រោយ​មក មនុស្ស​ភ្លេច​បូជា​កាន់​តែ​ច្រើន​ឡើង​ៗ ។ ព្រះ​ផាញ៉ាថែនលួង បាន​ឲ្យ​នីរសារ​មក​ស្ដី​បន្ទោស​ប្រជាជន មឿងលុម ជា​ច្រើន​ដង ច្រើន​សា ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​គោរព​តាម​ទេ ។ ដោយ​ខ្ញាល់​ខ្លាំង ព្រះ​អង្គ​ក៏​បើក​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង​ក្រៃលែង ។ ទឹក​ឡើង​លិច​រហូត​បាត់​ផ្ទៃ​ផែន​ដី ។ មនុស្ស​ម្នា​នៅ​ដែន មឿងលុម ស្លាប់​អស់​គ្មាន​សល់ នៅ​រស់​តែ​ប្រធាន​បី​នាក់​ប៉ុណ្ណោះ ។ អ្នក​ទាំង​បី​នាំ​គ្នា​ចេះ​កាប់​ឬស្សី​យក​មក​ធ្វើ​ផ្ទះ​ក្បូន​ម្នាក់​មួយ​ៗ ដែល​អណ្ដែត​លើ​ទឹក​ជា​និច្ច ទោះ​ទឹក​ចេះ​តែ​ឡើង​ឥត​ឈប់ឈរ​យ៉ាង​ណា​ក្ដី ។ ដោយ​សារ​ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ទាំង​បី​នៅ​រស់ ។

ទឹក​ឡើង​រហូត​ដល់​ពិភព​នៃ​ព្រះ​ទេវ ។ ប្រធាន​ទាំង​បី​ក៏​បាន​ឡើង​ទៅ​ដល់​ទៅ​នោះ​ដែរ ពួក​គេ​ស្កាត់​ទៅ​ថ្វាយ​ ព្រះ​ផាញ៉ាថែនលួង ។ គ្រាន់​តែ​ឃើញ​ពួក​គេ​ភ្លាម ព្រះ​សក្កទេវរាជ​មាន​បន្ទូល​ដោយ​ក្រេវក្រោធ «ពួក​ឯង​ឡើង​មក​ទី​នេះ​ធ្វើ​អ្វី ? ពួក​ឯង​ល្មើស​នឹង​រាជ​បញ្ជា​របស់​យើង​​ ពួក​ឯង​ទៅ​ជា​ស្អី​ក៏​ទៅ​ៗ» ។ ប្រធាន​ទាំង​បី​នាំ​គ្នា​ពណ៌នា​ពី​ការ​ខូច​ខាត​ធំ​ធេង ដែល​បណ្ដាល​មក​ពី​ទឹក​ជំនន់​នៅ​ មឿងលុម ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​កំហឹង​ព្រះ​ទេវ​ស្ងប់​រំងាប់​បាន​ខ្លះ​ៗ​ ដែរ ហើយ​ព្រះ​អង្គ​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​បី​ជ្រក​កោន​នៅ​ក្នុង​អាណាចក្រ​ព្រះ​អង្គ​លើ​ ភ្នំថែនឡា ។ ទឹកជំនន់​ក៏​ស្រក​ចុះ​ជា​លំដាប់ ។ បន្តិច​ក្រោយ​មក​ប្រធាន​ទាំង​បី​​ចាប់​ផ្ដើម​អផ្សុក​នឹង​ជីវិត​ឋាន​សួគ៌​ជា​ខ្លាំង គេ​នឹក​រលឹក​​តែ​ដែន មឿងលុម របស់​គេ ។ ដូច្នេះ​អ្នក​ទាំង​បី​នាំ​គ្នា​ទៅ​ថ្វាយ​បង្គំ​ ព្រះ​ផាញ៉ាថែនលួង  «ទួល​បង្គំ​ទាំង​ឡាយ មិន​ធ្លាប់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ស្ថាន​សួគ៌​របស់​ព្រះ​ទេវ​ទេ ។ សូម​ព្រះ​អង្គ​មេត្តា​អនុញ្ញាត​ឲ្យ​ទួល​បង្គំ​ទាំង​ឡាយ​បាន​វិល​ត្រឡប់​ទៅ​ដែន មឿងលុម ស្រុក​កំណើត​វិញ​ចុះ ។ ទូល​​ព្រះ​បង្គំ​ដឹក​នាំ​គ្នា​សង់​ផ្ទះ​តាម​របៀប​ផែន​ដី រួច​ភ្ជរ​រាស់​​ដី​ដាំ​ដំណាំ​​នានា យើង​នឹង​បាន​ត្រី​បរិភោគ​ដូច​ពី​ដើម​ឡើង​វិញ» ។

ព្រះ​ថែន​លួង ក៏​យល់​ព្រម ព្រះ​អង្គ​ថែម​ទាំង​ប្រទាន​ក្របី​ស្នែង​ខ្លី​មួយ​ដល់​ពួក​គេ​ផង ។ អ្នក​ទាំង​បី​ចុះ​ចាក​កំពូល ភ្នំថែនឡា ហើយ​នាំ​ក្របី​មក​កាន់​ដែន មឿងលុម ។ គេ​នាំ​គ្នា​តាំង​លំនៅ​ស្ថាន នៅ​ ណាណូយ អយនូ ហើយ​ប្រើ​ប្រាស់​ក្របី​ភ្ជួរ​រាស់​ដី ។ តាម​របៀប​នេះ​ គេ​ក៏​អាច​បន្ត​ការ​រស់​នៅ​បាន​ ។ ប៉ុន្តែ​ក្របី​មិន​ធ្លាប់​រស់​នៅ​ មឿងលុម ក៏​រត់​បាត់ ។ អ្នក​ទាំង​បី​ខំ​ដើរ​រក​វា​គ្រប់​កន្លែង​ក្នុង​ភូមិ​ភាគ​របស់​ខ្លួន តែ​រក​មិន​ឃើញ​សោះ ព្រោះ​សត្វ​នេះ​វា​​នឹក​រលឹក​ភ្នំ​ស្ថាន​សួគ៌​របស់​វា ហើយ​វា​ចង់​វិល​ត្រឡប់​ទៅ​វិញ ។ ប្រធាន​ទាំង​បី​​ដើរ​រក​ទាល់​តែ​ឃើញ​ហើយ​នាំ​មក​វិញ ។ ប៉ុន្តែ​សត្វ​ពាហនៈ​នេះ នៅតែ​ចង់​រត់​គេច​រាល់​តែ​ដង ។ ការ​តាម​ចាប់​វា​យក​មក​វិញ​ជា​កិច្ច​មួយ​ពិបាក​ណាស់ ។ ដូច្នេះ អ្នក​ទាំង​បី​នាំ​គ្នា​វេញ​ខ្សែ​យ៉ាង​មាំ​មួយ​យក​មក​ចង​វា ។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្របី​មិន​អាច​ទៅ​កាន់​ភ្នំ​ស្ថាន​សួគ៌​វិញ​បាន​ទេ ។ ហើយ​ចាប់​ពី​ពេល​នោះ​មក មនុស្ស​​ក៏​ឡើង​ទៅ​ស្ថាន​សួគ៌​លែង​រួច​ទៀត​ដែរ ។

ក្រោយ​ពី​ប្រកប​ការងារ​បាន​បី​ឆ្នាំ​មក ក្របី​ក៏​ស្លាប់ ។ បន្ទាប់​ពី​នោះ​មក មាន​វល្លិ​មួយ​ដើម​ដុះ​ចេញ​ពី​ច្រមុះ​ខ្មោច​ក្របី ដែល​ដួល​ដេក​នៅ ណាណូយ អយនូ នោះ ។ វល្លិ​នោះ​លូត​លឿន​ណាស់ ហើយ​ចេញ​ផ្លែ​ឃ្លោក​មួយ​ទំហំ​ធំ​ប្លែក​​ពី​ឃ្លោក​ធម្មតា ។ កាល​បើ​ផ្លែ​នោះ​ទុំ គេ​ឮ​សូរ​អ៊ូអែ​យ៉ាង​ចម្លែក​លាន់​ចេញ​មក​ពី​ក្នុង​ផ្លែ ស្ដាប់​សូរ​​ទៅ​ហាក់​ដូច​ជា​សំឡេង​មាត់​មនុស្ស ។ ពូឡាងសឺន យក​ជន្លួញ​ដែក​ស្រួច​មួយ​ទៅ​ដុត​ទាល់​តែ​ក្រហម រួច​ហើយ​ទើប​យក​ទៅ​ចាក់​ទម្លុះ​ផ្លែ​ឃ្លោក ។ មនុស្ស​ក៏​ដើរ​ចេញ​ពី​រន្ធ​ទើប​នឹង​ចោះ បន្ត​គ្នា​ជាប់​ឥត​ដាច់​សោះ ។ ប៉ុន្តែ​រន្ធ​នោះ​តូច​ពេក​នាំ​​ឲ្យ​ការ​ចេញ​មក​មាន​ការ​ពិបាក ហើយ​យឺត​យូរ​ផង ។ ខាន់ ខាន់ ក៏​ទៅ​យក​ដែក​ខួង​មក​ពង្រីក​មាត់​រន្ធ ។ ធ្វើ​ដូច្នេះ អាច​ឲ្យ​​មនុស្ស​ទាំង​នោះ​ចេញ​មក​​បាន​យ៉ាង​ស្រួល​ហើយ​ឆាប់​រហ័ស​ទៀត ។ ការ​ចេញ​មក​នេះ​ប្រព្រឹត្ត​ទៅ​ឥត​អាក់ អស់​រយៈ​ពេល​បី​ថ្ងៃ បី​យប់ ទើប​អស់​មនុស្ស​ពី​ក្នុង​ផ្លែ​ឃ្លោក​ទិព្វ ។

អ្នក​ចេញ​មក​មុន​គេ​គឺ ពួក ​ឡាវធុង ។ ពួក​នេះ​ជា​រៀម​ច្បង បន្ទាប់​មក​ទៀត គឺ ពួក ឡាវលុម ដែល​ជា​ប្អូន​ប្រុស​ស្រី ។ ទី​បញ្ចប់​គឺ ពួក ឡាវស៊ុង ដែល​ជា​ប្អូន​ពៅ ។

ពូឡាងសឺន បាន​បង្ហាត់​បង្ហាញ​ឲ្យ​ពួក​នោះ​ចេះ​ធ្វើ​ដី​ដាំ​ដំណាំ ឬ​សាប​ព្រោះ​គ្រាប់ ចេះ​ធ្វើ​ផ្ទះ ចេះ​រៀប​ការ​គ្នា​បង្កើត​ជា​គ្រួសារ បង្កើត​កូន​ប្រុស​ស្រី ។ ចាប់​តាំង​ពី​ពេល​នោះ​មក មនុស្ស​ជាតិ​កាន់​តែ​រីក​ចម្រើន​ច្រើន​ឡើង​ៗ ជា​លំដាប់ ។ មឿងលុម មាន​ជីវភាព​កាន់​តែ​សកម្ម កាន់​តែ​រីក​ចម្រើន​ឡើង ។

ពូឡាងសឺន ក៏​បាន​បង្ហាត់​បង្ហាញ​ឲ្យ​ពួក​នោះ​ចេះ​ស្រលាញ់​ឪពុក​ម្ដាយ ចេះ​គោរព​ចំពោះ​ចាស់​ទុំ មាន​ភាតរភាព​ចំពោះ​អ្នក​ដែល​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា នៅ​ក្នុង​ប្រទេស​ជា​មួយ​គ្នា មាន​សញ្ជាតិ​ដូច​គ្នា ឲ្យ​​ថែ​រក្សា​កេតនភណ្ឌ​ ដែល​បុព្វបុរស​បាន​ទុក​ឲ្យ ។ ពូឡាងសឺន និង​ប្រធាន​បី​នាក់​ទៀត​អប់រំ​ស្មារតី​ស្នេហា​ជាតិ​ដ៏​ធំធេង ដូច​នេះ​ហើយ​ឡាវ​ទាំង​ប្រុស​ ទាំង​ស្រី​ក៏​មាន​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រធាន​ទាំង​នោះ ហើយ​លើក​តម្កើង​ពួក​គេ​ទុក​ជា​បុព្វ​បុរស​របស់​ខ្លួន ។

ភាសា​ខ្មែរ​ថ្នាក់​ទី ១០ ទំព័រ ២១១ – ២១៣ (បោះពុម្ព ២០១០)

Advertisements

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: