ទេវកថា និង​ រឿងព្រេង

តើ​នេះ​ជា​ពិភព​នៃភាព​រវើ​រវាយ?

បិតា​នៃជនជាតិវៀតណាម

​នៅ ខែ​មីនា 9, 2012

តំណាលកាលដើមឡើយ មានបុរសម្នាក់ឈ្មោះ គិន ដួង វួង (Kinh Duong Vuong) ដែលមានដូនតារាប់ជំនាន់មកហើយជា ពូជនាគ ។ គាត់បានរៀបការជាមួយនាង ឡុង នូ (Long Nu) ស្ត្រីម្នាក់ដែលជាកូនចៅនៃ ពូជនាគ មួយទៀត ហើយមានកូនប្រុសម្នាក់ឈ្មោះថា ឡាក់ ឡុង គួន (Lạc Long Quân)។ ដោយមានឈាមជ័រជា ពូជនាគ គួន មានរហស្សនាមថា រាជបុត្រានាគរាជ ។

នៅសមុទ្រខាងកើតតំបន់ ឡាក់ វៀត (Lạc Việt) មានត្រីយក្សមួយឈ្មោះ ងួ ទិញ (Ngư Tinh) ដែលមានអាយុរាប់សតវត្សមកហើយ ។ វាអាចលេបទូកដែលមានមនុស្ស ១០ នាក់បានដោយងាយស្រួល នៅពេលដែលវាហែល ទឹករលកឡើងខ្ពស់កប់ពពក ។ វារស់នៅក្នុងល្អាងក្រោមទឹកមួយនៅក្រោមកោះកណ្ដាលសមុទ្រ ។ គួន បានសម្រេចចិត្តសម្លាប់ត្រីយក្សនោះដើម្បីជួយដល់អ្នកនេសាទទាំងឡាយ ។ គួន បានសង់ទូកធំមួយ និង ដុតដែកទំហំប៉ុនមនុស្សម្នាក់ បន្ទាប់មកក៏បើកក្ដោងទូកសំដៅទៅរកល្អាងត្រីយក្សនោះតែម្ដង ។ ពេលទៅដល់ គួន បានលើកដែកដែលកំពុងតែក្ដៅនោះបញ្ឆោតត្រីយក្សនោះ  វាក៏ហក់លេបដែកដែលកំពុងក្ដៅនោះចូលទៅតាមមាត់ ។ នៅពេលដែលវាកំពុងក្រហល់ក្រហាយដោយដែកក្ដៅដែលកំពុងដុតបំពង់កវា គួន ក៏ដកដាវកាប់ត្រីនោះងាប់ដាច់ជា ៣ កំណាត់ទៅ ។

បន្ទាប់ពីសម្លាប់ត្រីយក្សនោះបានហើយ គួន បានចុះទៅតំបន់ ឡុង បៀន (Long Biên)ដើម្បីសម្លាប់កញ្ជ្រោងបិសាចពាន់ឆ្នាំកន្ទុយ ៩ ហូ ទិញ  (Hồ Tinh) ដែលតែងតែចាប់ស្រី ៗ ក្រមុំយកទៅស៊ី ។ កញ្ជ្រោងនោះរស់នៅក្នុងល្អាងភ្នំមួយនៅភ្នំខាងលិច ឡុង បៀន ។ កញ្ជ្រោងនេះវាដើររាតត្បាតកសិករពីតំបន់ ឡុង បៀន ទៅដល់ភ្នំ តាន់ វៀន (Tản Viên)គួន បានទៅរកកញ្ជ្រោងនោះដល់ល្អាងរបស់វា ហើយក៏ប្រយុទ្ធគ្នាយ៉ាងអស្ចារ្យ ។ គួន ប្រើវេទមន្តរបស់ខ្លួនបញ្ជាឲ្យធាតុខ្យល់ និង ផ្គរ ឃុំសត្វនោះ ។ ៣ ថ្ងៃក្រោយមក កញ្ជ្រោងនោះអស់កម្លាំងនឹងទប់ទល់ក៏រកច្រករត់ គួន ចាប់វាបានហើយក៏កាត់ក្បាលងាប់ទៅ ។

គួន មិនខ្លាចអ្វីទាំងអស់ តែចុងក្រោយគេបែរជាមកចុះចាញ់សម្រស់របស់ អូ កូ (Âu Cơ) ទៅវិញ ។ នៅពេលនោះ អូ កូ ក្នុងរូបរាងជាសត្វក្រៀលកំពុងតែរត់គេចពីសត្វស្លាបបិសាចមួយក្បាល គួន ក៏បានចូលទៅជួយនាងហើយប្រយុទ្ធជាមួយសត្វស្លាបបិសាចនោះដែលបានប្រែកាយទៅជាសត្វខ្លាវិញ ។ ចុងក្រោយ គួន ក៏សម្លាប់សត្វនោះបាត់ទៅ ។

បន្ទាប់មកសត្វក្រៀលនោះក៏បានប្រែរូបរាងទៅជានាង អូ កូ ដ៏ស្រស់ស្អាតគ្មានផ្ទឹម ធ្វើឲ្យ គួន លង់ចិត្តស្រលាញ់នាងមួយរំពេច ។ អូ កូ ជាកូនចៅនៃទេវតាភ្នំ ហើយក៏ជាភាវៈអមតៈដូច គួន ដែរ ។ ក្រោយមកពួកគេក៏រៀបការជាមួយគ្នា ដោយមានកូនប្រុសចំនួន ១០០ នាក់ដែលកើតចេញពីស៊ុតទាំង ១០០ ។ គួន និង អូ កូ គ្រប់គ្រងតំបន់ទន្លេ និង ភ្នំ ឯកូន ៗ របស់ពួកគេខ្លាំងដូចជានាគ ហើយស្រស់ស្អាតដូចជាទេវតាភ្នំ ។

ពេលវេលាបានកន្លងផុតទៅ អូ កូ តែងតែនឹករលឹកទៅដល់តំបន់កំណើតរបស់នាង ឯ គួន ក៏ដូច្នោះដែរ ។ គូស្នេហ៍ទាំង ២ សម្រេចចិត្តបែកពីគ្នាទៅទីកំណើតវិញរៀង ៗ ខ្លួនដោយចែកកូនគ្នា ៥០ ម្នាក់ ។ តាំងពីនោះមកពួកគេមិនដែលបានជួបគ្នាទៀតទេ ។ គួន បានបង្រៀនកូន ៗ គេឲ្យចេះ នេសាទ ឲ្យសាក់ខ្លួនដើម្បីបន្លាចសត្វសមុទ្រ ចេះធ្វើស្រែ និង ដាំបាយ ។ ឯ អូ កូ បង្រៀនឲ្យកូន ៗ របស់នាងចេះ ចិញ្ចឹមសត្វ ដាំដើមឈើ និង ធ្វើផ្ទះពីដើមឬស្សី ។

កូន ៗ របស់ពួកគេនោះហើយដែលក្រោយមកបង្កកូនបង្កើតចៅ ដែលក្លាយជាត្រកូលទាំង ១០០ នៃជនជាតិវៀតណាម ។ ដូច្នេះហើយបានជាជនជាតិវៀតណាមហៅខ្លួនឯងថាជា កូននាគ និង កូនទេវតាភ្នំ ។

ឡាក់ ឡុង គួន និង អូ កូ

Advertisements

20 responses to “បិតា​នៃជនជាតិវៀតណាម

  1. ខ្មែរយើងប្រហែលជានាគដែលដឹង?

  2. ចុងក្រោយនៅតែឆ្លងមិនផុតដំណាក់កាលស្រីស្អាត។

    • ពិតជា​ខ្លាំង​មែន គ្មាន​អ្នក​ក្លាហាន​ណា​ឆ្លងផុត​សោះ សូម្បីព្រះពុទ្ធ​អង្គក៏ត្រូវឆ្លងដំណាក់ណឹងដែរ ទម្រាំផុត សល់ រាហុលកុមារ មួយ ។

  3. រឿងធម្មជាតិនៃមនុស្សដែលគ្មាននរណាគេចផុត! យីសចេះរកនឹកឃើញ តា ម៉ាប់!
    😀

  4. អរគុណដែលបាននិទានរឿងព្រេងប្រវត្តជនជាតិវៀតណាមអោយខ្ញុំស្តាប់។ ដោយសារ ពួកគេ កូនចៅនាគ ទើបកា្លយជាប្រទេសខ្លាំងដូចសព្វថ្ងៃនេះ។

  5. នេះជារឿងមួយពិបាកឆ្លើយ។ ពូជនាគយើងគឺតាំងពីសម័យ ព្រះថោងនាងនាគរហូតដល់ស.វទី ១២គឺយើងខ្លាំងណាស់មានប្រាសាទអង្គរវត្តដ៏អស្ចារ្យជាសាក្សី។ តែចាប់តាំងពី ស.វ នោះមកគឺយ៉ាងបានផ្លាស់ប្តូររាជវង្សនាគហើយ។ ការឆ្លើយរបស់ខ្ញុំមិនអាចយកជាផ្លូវការនោះទេ គ្រាន់តែការគិតរបស់ខ្ញុំទេ សូមអធ្យាស្រ័យផង។

    • ត្រូវហើយជារឿងមួយ​ដេល​យើង​នៅ​តែមាន​មន្ទិលសង្ស័យ ។ បើទំនេរ​សូម​ចូលទៅកាន់ប្លុកនេះ ហើយទាញ​យក​សៀវភៅចំនួន​ ៣ ក្បាល​ដែល​ទើប​នឹង​សរសេរ​ថ្មី ៗ ពន្យល់ពីរឿង​នាងនាគ មកអាន ។ មនុស្ស​ចម្លែក​អាច​គិត​ថា​វា​ជា​រឿង​បែប​អបិជំនឿ ប៉ុន្តែវា​ហេតុ​ផល​សម​ស្រប​អាច​នឹងជឿបាន http://kietchanthon.blogspot.com/

  6. រឿងនេះអានទៅហាក់ដូចកំពុងមើលរឿងភាគចិនបូរាណចឹង
    (ព្រោះមានបិសាចកញ្រ្ជោងផង :D)

    សត្វនាគ+សត្វក្រៀល=>សត្វ?
    សត្វនាគ+មនុស្ស=> នាគកាត់មនុស្ស មនុស្សកាត់នាគ 😀

  7. ចំណាន ថា:

    មិនជាអ្វីទេ 😀

    គ្រាន់តែគិតលេងៗ តាមតួឯកសាច់រឿងខាងលើៈ-

    សន្តាន សត្វ + សត្វ ក៏នឹងចេញទៅជាសន្តានសត្វ (ព្រៃផ្សៃ)
    សន្តាន សត្វ + មនុស្ស ក៏នឹងនឹងអាចចេញទៅជា សន្តានសត្វពាក់កណ្តាល
    ហើយនឹងសន្តានមុស្សពាក់កណ្តាល (តើមួយណាព្រៃផ្សៃជាង) 😀 គិតលេងៗ!!

  8. ចំណាន ថា:

    តែយ៉ាងហោចណាស់ “មនុស្ស” មកពី មនៈ (ចិត្ត) + ឧស្ស,ឧស្យ (ខ្ពស់) = អ្នកមានចិត្តខ្ពស់,អ្នកដឹងការខុសត្រូវ ចឹងប្រហែលជាអាចកាត់បន្ថយភាពព្រៃផ្សៃបានច្រើនជាងមិនខាន
    រឺតាម៉ាប់យល់យ៉ាងណា? 😀

    • កូណា គិត​ថា​និយម​ន័យ​ប្រើ​បាន​សម្រាប់​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ ដោយ​សារ លោភៈ មនុស្ស​ហ៊ាន​ធ្វើ​អ្វី​ៗ​ទាំង​អស់ ។ តែ​មនុស្ស​យ៉ាង​ហោច​ណាស់​មាន​ សតិសម្បជញ្ញៈ អាច​កែប្រែបាន ខ្លាច​តែ​មិនកែ ។

  9. ចំណាន ថា:

    ចំរើនពរ យល់ស្រប, ពិតមែនតែមនុស្សចាត់ទុកថាជាសត្វមានចិត្តខ្ពង់ខ្ពស់ជាងសត្វ
    ដទៃតែដោយសារសភាវធម៌ដែលយើងសន្មត់ហៅថាកិលេស រឺ គ្រឿងសៅហ្មង មាន
    លោភៈ (សេចក្តីល្មោភលោភលន់គ្មានទីបញ្ចប់), ទោសៈ (សេចក្តីក្រោធមួរម៉ៅ), និង
    មោហៈ (សេចក្តីវង្វេងវង្វាន់មិនថាខ្លួនឯងមិនដឹង) ជាដើម ចូលមកលាបពណ៌ពង្វក់
    ចិត្ត ធ្វើឲ្យចិត្តរបស់មនុស្សថ្លោះធ្លោយថយក្រោយប្រែក្លាយទៅជាឳនអន់ថោកទាប
    បាន ដូច្នេះហើយព្រះពុទ្ធបរមគ្រូនៃយើងទើបត្រាស់ថា មនុស្សអាចចែកចេញជា ៣
    ប្រភេទ គឺ

    ១.មនុស្សទេវោ មនុស្សដែលមានរាង្គកាយជាមនុស្សមានសន្តានចិត្តជាទេវតា
    សោយអារម្មណ៍របស់ទេវតា គឺមានតែសុភមង្គលនិងសេចក្តីសុខកាយស្ងប់ចិត្ត។
    ២.មនុស្សបេតោ មនុស្សដែលមានរាង្គកាយជាមនុស្សតែមានសន្តានចិត្តជាប្រេត
    តែងសោយនូវអារម្មណ៍របស់ប្រេត គឺតែងរងទុក្ខស្រេកឃ្លានដោយសារទោសនៃ
    សេចក្តីលោភគ្មានកោះត្រើយ។
    ៤.មនុស្សតិរច្ឆានោ មនុស្សដែលមានរាង្គកាយជាមនុស្សតែមានសន្តានចិត្តជាសត្វ
    តិរច្ឆាន គឺគ្រោតគ្រាតថោកទាប ទាំងភាសានិយាយស្តី ទាំងកិរិយាការប្រព្រឹត្ត ខ្វះ
    សីលធម៌ចរិយាធម៌ដែលជាសម្បត្តិរបស់មនុស្សព្រោះតែសេចក្តីខឹងក្រោធងាយ។
    កាលបើដូច្នេះគេក៏នឹងត្រូវទទួលរងរឺសោយនូវអារម្មណ៍របស់សត្វតិរច្ឆានផងដែរ
    ដូចជាត្រូវមនុស្សផងទាំងពួងស្អប់ខ្ពើម ត្រូវគេជេរប្រទេចផ្តាសារ គំហកគម្រាមដាម
    ដាម ជាដើមរកសេចក្តីសុខគ្មានឡើយ។

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: